លោក សម រង្ស៊ី ប្រាប់មន្ត្រីបក្សសង្គ្រោះជាតិកុំឱ្យចាញ់ល្បិចលោក ហ៊ុន សែន
លោក សម រង្ស៊ី ប្រាប់មន្ត្រីបក្សសង្គ្រោះជាតិកុំឱ្យចាញ់ល្បិចលោក ហ៊ុន សែន
នយោបាយ
![រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានតុលាការរំលាយចោល ដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសបារាំង អង្គុយនៅរានហាលនៃគេហដ្ឋានរបស់លោកក្នុងប្រទេសបារាំងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)](https://gdb.voanews.com/7E17103F-CD2B-44AF-832E-C9EAB7716966_w1023_r1_s.jpg)
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានតុលាការរំលាយចោល ដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសបារាំង អង្គុយនៅរានហាលនៃគេហដ្ឋានរបស់លោកក្នុងប្រទេសបារាំងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)
ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានសរសេរក្នុងន័យដើមថា៖ «សូមមន្ត្រីគណបក្សសង្គ្រោះជាតិ កុំចាញ់បោក កុំចាញ់ការសម្លុត និងកុំចាញ់ការប៉ុនប៉ងទិញទឹកចិត្ត ពីសំណាក់ជនពាល ហ៊ុន សែន ដែលចង់ឲ្យពួកយើងទៅសុំសិទ្ធិធ្វើនយោបាយពីគាត់»។
ភ្នំពេញ —
ជាងមួយសប្តាហ៍ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលបានដាក់ឱសានវាទឲ្យក្រុមមន្ត្រីជាប់បម្រាមធ្វើនយោបាយរបស់គណបក្សប្រឆាំងសុំសិទ្ធិធ្វើនយោបាយឡើងវិញមិនឲ្យហួសចូលឆ្នាំខ្មែរនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចេញសារនយោបាយមួយនៅសប្តាហ៍នេះ អំពាវនាវមិនឲ្យក្រុមមន្ត្រីជាប់បម្រាមសុំសិទ្ធិធ្វើនយោបាយ ដើម្បីបញ្ចៀសការចាញ់ល្បិចកលរបស់លោក ហ៊ុន សែន។
ក្នុងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលប្រទេសជប៉ុន ធ្វើឡើងកាលពីថ្ងៃទី៤ ខែមីនា លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានគំរាមក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមមិនឲ្យធ្វើនយោបាយ ត្រូវរួសរាន់មកសុំសិទ្ធិធ្វើនយោបាយឡើងវិញ មិនឲ្យហួសចូលឆ្នាំប្រពៃណីខ្មែរ។
លោកអះអាងថា បើហួសរយៈពេលនោះ លោកនឹងធ្វើមិនដឹងមិនឮរាល់សំណើនានា ដែលបញ្ជូនមករដ្ឋាភិបាល ដើម្បីស្នើសុំសិទ្ធិនយោបាយឡើងវិញទេ។
ក៏ប៉ុន្តែលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧នោះ បានបង្ហោះសារព្រមាននយោបាយខ្លីមួយ នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៣ ខែមីនា ដោយប្រាប់ក្រុមមន្ត្រីគណបក្សប្រឆាំងថា ពួកគេនឹងចាញ់ឧបាយកលរបស់លោក ហ៊ុន សែន ប្រសិនបើពួកគេហ៊ានតែទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ ពីរដ្ឋាភិបាលខ្មែររបស់លោកហ៊ុន សែន។
ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានសរសេរក្នុងន័យដើមថា៖ «សូមមន្ត្រីគណបក្សសង្គ្រោះជាតិ កុំចាញ់បោក កុំចាញ់ការសម្លុត និងកុំចាញ់ការប៉ុនប៉ងទិញទឹកចិត្ត ពីសំណាក់ជនពាល ហ៊ុន សែន ដែលចង់ឲ្យពួកយើងទៅសុំសិទ្ធិធ្វើនយោបាយពីគាត់»។
ទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បានបន្ថែមក្នុងន័យដើមថា៖ «សិទ្ធិនេះ ជាសិទ្ធិរបស់យើង ដែលត្រូវប្រគល់សងឲ្យយើងវិញជាស្វ័យប្រវត្តិ ទន្ទឹមនឹងការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ តាមការទាមទាររបស់ប្រជារាស្ត្រខ្មែរ និងសហគមន៍អន្តរជាតិ»។
កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ លោក ហ៊ុន សែន ក្រៅតែពីព្រមានថា ក្រុមមន្ត្រីគណបក្សនយោបាយប្រឆាំងដែលជាប់បម្រាមនឹងបាត់សិទ្ធិធ្វើនយោបាយនៅក្រោយបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះ មេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញរូបនេះ ក៏បានព្រមានមួយដងជាពីរដងទៀតថា គ្មានការចរចានយោបាយណាមួយ ដែលអាចបើកផ្លូវឲ្យមានការដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សជំទាស់នោះទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃរាជរដ្ឋាភិបាលកម្ពុជា ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ការសុំសិទ្ធិនយោបាយឡើងវិញនេះ គឺជារឿងបុគ្គលរបស់អ្នកនយោបាយដែលត្រូវបានតុលាការហាមឃាត់។
លោកថា ការអំពាវនាវរបស់លោក សម រង្ស៊ី បានបញ្ជាក់ពីការភ័យខ្លាចរបស់អ្នកនយោបាយប្រឆាំងរូបនេះ ចំពោះការដើរចេញរបស់សមាជិកខ្លួន ហើយថា ការស្នើសុំសិទ្ធិនយោបាយឡើងវិញគឺជាការអនុវត្តច្បាប់ ស្របតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស និងគ្មានជាប់ទំនាក់ទំនងណាមួយជាមួយសម្ពាធពីរដ្ឋាភិបាលបរទេស តួយ៉ាងដូចជាសហភាពអឺរ៉ុបនោះទេ។
«សម រង្ស៊ី អ្នកភ័យខ្លាច ភ័យខ្លាចចំពោះការចាកចេញ ពីការគ្រប់គ្រងរបស់ សម រង្ស៊ី នេះឯង។ ដូច្នេះ ការណ៍លើកឡើងហ្នឹង គឺការបង្ហាញនូវភាពផ្តាច់ការរបស់ សម រង្ស៊ី តែប៉ុណ្ណោះបាទ»។
ពាក់ព័ន្ធនឹងការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនេះ លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ធ្លាប់បាននិយាយរិះគន់ អ្នកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុបថា មិនស្តាប់ការអធិប្បាយរបស់រដ្ឋាភិបាលខ្មែរ ដែលបានផ្តល់ការពន្យល់ថា ការស្នើសុំសិទ្ធិនយោបាយឡើងវិញ នេះគឺផ្អែកនៅលើច្បាប់ ដែលតម្រូវឲ្យអ្នកនយោបាយជាប់បម្រាមទាំងនោះ ត្រូវដាក់សំណើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងស្នើបន្តទៅព្រះមហាក្សត្រ ដើម្បីបើកផ្លូវឲ្យអ្នកជាប់បម្រាមទាំងនោះ បានវិលមកកសាងជីវិតជាអ្នកនយោបាយឡើងវិញ។
សហភាពអឺរ៉ុប បានដាក់ឱសានវាទ ឲ្យកម្ពុជា រយៈពេល១៨ ខែ ដើម្បីស្តារការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ នៅមុនពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បាត់បង់ការគាំទ្រជាបណ្តោះនូវប្រព័ន្ធឋានៈអនុគ្រោះពន្ធ ក្រោមកម្មវិធីពាណិជ្ជកម្ម «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA ដែលអាចឲ្យកម្ពុជាចំណេញប្រាក់បានជិត៧០០ដុល្លារក្នុងមួយឆ្នាំៗ ពីការនាំចូលទំនិញចូលទីផ្សារសហគមន៍អឺរ៉ុប ដោយមិនបង់ពន្ធ។
អ្នកវិភាគនយោបាយលោកបណ្ឌិត មាស នី បានបង្ហាញការយល់ឃើញថា ការចាកចេញរបស់មន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវគេហាមឃាត់នោះ បានក្លាយជាបញ្ហារសើបមួយរបស់គណបក្សប្រឆាំងមួយនេះ។
លោកថា ប្រសិនបើមានការចាកចេញជាបណ្តើរៗទៅមុខទៀតរបស់ក្រុមមន្ត្រីជាប់បម្រាមទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពីរដ្ឋាភិបាលនោះ ការបែកបាក់របស់គណបក្សប្រឆាំងនេះនឹងកើតមានកាន់តែខ្លាំង។
លោក មាស នី បន្ថែមថា ទោះបីក្រុមអ្នកនយោបាយទាំងនោះ បានសិទ្ធិធ្វើនយោបាយឡើងវិញក៏ដោយក្តី ក៏ពួកគេនឹងប្រឈមជាមួយនឹងផលវិបាកជាច្រើនក្នុងការទាញអ្នកគាំទ្ររបស់គណបក្សប្រឆាំងក្នុងករណីដែលពួកគេបង្កើតគណបក្សថ្មី ខណៈដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅបន្តជាប់ឃុំនៅឡើយនោះ។
«បើសិនជាមានធ្លោយថា ចេញមកដើម្បីទៅបង្កើតគណបក្សណាមួយក្រៅពីគណបក្សប្រឆាំងដែលមានអតីតសង្គ្រោះជាតិនោះ អាហ្នឹងគឺខ្ញុំគិតថា អាចមានការពិបាក ក្នុងការទិញយកបេះដូងរបស់អ្នកគាំទ្រសង្គ្រោះជាតិ មកឲ្យគាំទ្រខ្លួន គឺថា មិនអាចទៅរួចទេ យើងឃើញឧទាហរណ៍ដូចជាគណបក្សរបស់កូនលោក គង់ គាំ ហ្នឹងគឺថា បានទទួលបរាជ័យ នៅក្នុងការ យកប្រជាប្រិយភាពលើអតីតអ្នកគាំទ្រសង្គ្រោះជាតិបាទ»។
បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីឆ្នាំ២០១៨រួចមកនោះ មន្ត្រីរដ្ឋាភិបាលអះអាងថា មានមន្ត្រីមកពីគណបក្សប្រឆាំងបួនរូបក្នុងចំណោមមន្ត្រី១១៨រូប ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំនោះ បានដាក់ពាក្យទៅក្រសួងមហាផ្ទៃ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ។
ក្នុងចំណោមមន្ត្រីទាំងបួននាក់នោះ មានលោក គង់ គាំ អតីតសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី និងកូនប្រុសរបស់លោកម្នាក់ គឺលោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៕
http://www.camnews.org
Comments
Post a Comment